วันอาทิตย์ที่ 8 ธันวาคม พ.ศ. 2556

អ្នកគ្រូ​របាំ​ចែករំលែក​គន្លឹះ​ចំពោះ​អ្នក​ចង់​រាំ​របាំ​អប្សរា

អ្នកគ្រូ​របាំ​ចែករំលែក​គន្លឹះ​ចំពោះ​អ្នក​ចង់​រាំ​របាំ​អប្សរា
8_Chap-Chamroeun
កញ្ញា ចាប ​ចំរើនតុលា​ បម្រើ​ការងារ​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ជា​គ្រូបង្រៀន​នៅ​សាលា​វិចិត្រសិល្បៈ និង​ជា​អ្នក​រាំ​របាំ​អប្សរា បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ចំពោះ​អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នក​របាំ​អប្សរា។
កញ្ញា​ តុលា​ បាន​ឲ្យ​ដឹង​ថា​៖ «​ចង់​ធ្វើ​ជា​អ្នក​របាំ​អប្សរា​ម្នាក់​វា​មាន​ផលវិបាក​ច្រើន​ ពីព្រោះ ​អ្នក​របាំ​ត្រូវ​ចំណាយ​ពេលវេលា​ហ្វឹកហាត់​តាំងពី​ក្មេង​អាយុ ​៧ ​ឬ ​៨ ​ឆ្នាំ ហើយ​ចំណាយ​ពេល​ ៩​ឆ្នាំ ​នៅក្នុង​ការ​ហាត់​រៀន​ [​មូលដ្ឋាន​គ្រឹះ​]​»។
ដោយសារ​ខ្លួន​មាន​បទពិសោធ​ចូល​រៀន​រាំ​របាំ​តាំងពី​អាយុ ​៨ ​ឆ្នាំ កញ្ញា​តុលា បាន​បន្ត​ថា​៖ «​ដោយសារ​តែ​គាត់​មាន​អាយុ​ ២១ ​ឆ្នាំ ហើយ​ចង់​ក្លាយ​ជា​អ្នក​របាំ​អប្សរា គាត់​ត្រូវ​ចំណាយ​ពេល​ខ្លាំង​មែនទែន​»។
កញ្ញា បាន​បង្ហើប​ប្រាប់​ថា​៖​«​នៅ​ពេល​ព្រឹក​គាត់​ព្យាយាម​ហាត់​ឲ្យ​បាន​ច្រើន​ដោយ​គាត់​ត្រូវ​ហាត់​ឲ្យ​បាន​ពីរ​ម៉ោង​ក្នុង​មួយ​ព្រឹក។ សរីរាង្គ​មនុស្ស​យើង​ងាយស្រួល​បត់បែន​គឺ​នៅ​ពេល​ព្រឹក បាន​ន័យ​ថា​នៅ​ពេល​ព្រឹក សរីរាង្គ​នៅ​ទន់។ គាត់​អាច​ចំណាយ​ពេល​ពី​ម៉ោង​៧​ដល់​៩​សម្រាប់​ការ​ហាត់​ពត់ពេន​ខ្លួន​»។
សម្រាប់​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ហាត់​របាំ កញ្ញា ចំរើន តុលា បាន​ប្រាប់​ឲ្យ​ដឹង​ថា​មូលដ្ឋាន​ដំបូង​អ្នក​រាំ​ត្រូវ​ហាត់​ពត់​ដៃ​ទាំង​សង​ខាង ដោយ​ពត់​ម្រាមដៃ​និង​កដៃ​ដើម្បី​ឲ្យ​ទន់​ព្រម​ទាំង​ហ្វឹកហាត់​ទៅ​លើ​ត្រគាក និង​ជើង​ដើម្បី​ងាយស្រួល​បត់បែន។
ទេពអប្សរា​រូប​នេះ​បាន​ប្រាប់​បន្ដ​ទៀត​ថា​៖​«​របាំ​អប្សរា មាន​លក្ខណ​ពិសេស​ខុស​គេ​ទើប​គាត់​ដាច់ខាច​ត្រូវ​តែ​មាន​ដងខ្លួន​ស្អាត​ដងខ្លួន​សមសួន​ដែល​មិន​ធាត់​មិន​ស្គម​ព្រម​ទាំង​មាន​ដងខ្លួន​ស្រលូន​និង​ទម្រង់​មុខ​វែង»។
កញ្ញា​បន្ថែម​ថា សម្រស់​ការ​តុបតែង​មុខ និង​ភាព​ប៉ិនប្រសប់​រួម​ចំណែក​សំខាន់​សម្រាប់​អ្នក​រាំ​របាំ​អប្សរា។
កញ្ញា​តុលា​ក៏​សូម​អរគុណ​ដល់​យុវជន​ខ្មែរ​ដែល​មាន​បំណង​ចង់​រៀន​ពី​របាំ​ខ្មែរ​ដែល​ជា​ការ​ថែរក្សា​វប្បធម៌​ខ្មែរ​មិន​ឲ្យ​បាត់បង់​ហើយ​កញ្ញា​ក៏​បាន​ផ្ដែផ្ដាំ​ថា​៖ «​ប្រសិន​បើ​ពួកគាត់​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​គាត់​គួរ​ព្យាយាម​ឲ្យ​ទៅ​ជា​សិល្បករ​ពិតប្រាកដ​»។
កញ្ញា បាន​បញ្ជាក់​ថា​៖ «​សិល្បៈ​ជា​ចំណង់ចំណូល​ចិត្ត​មួយ បើ​មិន​ស្រឡាញ់​ទេ​កុំ​ធ្វើ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​វប្បធម៌​យើង»៕

ไม่มีความคิดเห็น:

แสดงความคิดเห็น